កំពង់ឆ្នាំង,នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងរួមជាមួយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមលោកជំទាវគណៈប្រតិភូអមដំណើរ ប្រធានមន្ទីរអង្គភាពដែលពាក់ព័ន្ធ អភិបាលរងស្រុកកំពង់លែង និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកំពង់លែង បានអញ្ជើញចូលរួមអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ច និងចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង។
ការរៀបចំឱ្យមានជាកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ
គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានប្រមាណពី ១០០០កន្លែង ទៅដល់ ១៥០០កន្លែងផងដែរ។
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd បង្កើតឡើងនៅលើផ្ទៃដីជាង ១០០ហិកតា ដែលគ្រោងនឹងបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន៖ (១) កំពង់ផែដឹកជញ្ជូនទំនិញ (២) មណ្ឌលសន្និធិប្រេង (៣) រមណីយដ្ឋានទេសចរណ៍ និង (៤) តំបន់សេដ្ឋកិច្ចពិសេស។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារផងដែរ។
បន្តមកទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី និងឯកឧត្ដមរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវ៥០សេ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ មានប្រវែង ៥៨គីឡូម៉ែត្រ។